General

ទ្រឹស្តីនៃស្នេហា

អ្នកចិត្តវិទូ និងអ្នកស្រាវជ្រាវបានលើកឡើងនូវទ្រឹស្តីផ្សេងៗគ្នាជាច្រើនអំពី ស្នេហា។ ស្នេហាគឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សលោកយើងនេះ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាមិនមែនជាការងាយស្រួល ទេក្នុងការចង់ដឹងថា ហេតុអ្វីបានជាស្នេហាមាននៅលើលោកយើងនេះ? ជាក់ស្តែង រយៈពេលកន្លងមក មានមនុស្សជាច្រើនបានធ្វើការលើកឡើងថា ស្នេហាគឺជាអ្វីដែលវិទ្យាសាស្ត្រមិនអាចយល់ និងពិបាកនឹងបកស្រាយ។ថ្ងៃនេះ គេហទំព័រគំនិតនឹងលើកយកទ្រឹស្តីចំបងៗចំនួន៤ ដើម្បីធ្វើការបកស្រាយអំពីអ្វីៗដែលទាក់ទងទៅនឹងសេចក្តីស្នេហាដូចជា សេចក្តីចូលចិត្ត(like) សេចក្តីស្រឡាញ់(Love) និងអារម្មណ៍ជាប់ជំពាក់ (Emotional Attachment)។

សេចក្តីចូលចិត្ត និងសេចក្តីស្រឡាញ់

អ្នកចិត្តវិទូ Zick Rubin បានលើកឡើងថា ស្នេហាអណ្តែតអណ្តូង(Romantic Love)គឺផ្សំឡើងដោយធាតុផ្សំ៣យ៉ាងគឺ សេចក្តីជំពាក់ចិត្ត(Attachment) សេក្តីថ្នាក់ថ្នម(Caring) និងភាពស្និទ្ធស្នាល(Intimacy)។ សេចក្តីជំពាក់ចិត្ត គឺជាតម្រូវការក្នុងការទទួលភាពថ្នាក់ថ្នម ការយល់ព្រម និងការប៉ះពាល់ផ្នែករាងកាយជាមួយនឹងអ្នកដ៏ទៃ។ សេចក្តីថ្នាក់ថ្នមគឺជាការផ្តល់នូវតម្រូវការ និងភាពរីករាយទៅដល់ដៃគូរ ឲ្យដូចទៅនឹងការផ្តល់ទៅឲ្យខ្លួនអ្នកផ្ទាល់។ ភាពស្និទ្ធស្នាល គឺចង់សំដៅទៅលើ ការចែករំលែកគំនិត សេចក្តីប្រាថ្នា អារម្មណ៍គ្នាទៅវិញទៅមករវាងអ្នកនិងដៃគូរ។

Compassionate Vs. Passionate Love

យោងតាម ចិត្តវិទូ Elaine Hatfield និងអ្នករួមការងាររបស់នាង បានចែកស្នេហាជាពីរប្រភេទផ្សេងៗគ្នាគឺ ស្នេហាដោយការអាណិតអាសូរ(Compassionate Love) និងស្នេហាដោយសារតម្រេក(Passionate Love)។ ស្នេហាដោយការអាណិតអាសូរមានចរិកលក្ខណៈដូចជា ចេះគោរពគ្នា មានចិត្តប្រតិព័ទ្ធ ស្រឡាញ់ចូលចិត្តគ្នា និង ទុកចិត្តគ្នាទៅវិញទៅមក។ ស្នេហាប្រភេទនេះកើតឡើងដោយសារតែការយល់ដឹងច្បាស់ពីអារម្មណ៍គ្នាទៅវិញទៅមក ហើយនិងការការគោរពគ្នាទៅវិញទៅមក។

ស្នេហាដោយសារតម្រេក គឺជាស្នេហាដែលមានចរិកលក្ខណៈដូចជា ការរំជើបរំជួលផ្លូវអារម្មណ៍ និងផ្លូវភេទ សេចក្តីភ័យខ្លាច និងសេចក្តីស្រឡាញ់។ នៅពេលការរំជើបរំជួលផ្លូវអារម្មណ៍ត្រូវបានបំពេញតាមតម្រូវការ មនុស្សទាំងនោះនឹងមានអារម្មណ៍សប្បាយរីករាយ និងស្កប់ស្កល់។ ផ្ទុយទៅវិញបើស្នេហាមិនសមតាមអ្វីដែលគេចង់បាន ឬតាមការគិតទេនោះ ស្នេហានេះនឹងក្លាយជាស្នេហាសោកសង្រេង ហើយនឹងឈានទៅរកភាពបែកបាក់។ បើតាមអ្នកចិត្តវិទូHatfieldបានលើកឡើងថា ស្នេហាប្រភេទនេះគឺមិនអាចឋិតឋេរយូរអង្វែងទេ ហើយជាធម្មតាវាមានអាយុប្រហែពី៦ខែ ទៅ៣០ខែ។

Hatfield ក៏បានបន្ថែមថា ស្នេហាដែលកើតឡើងដោយសារតម្រេកនេះ(Passionate Love)កើតឡើងដោយសារតែវប្បធម៌នៅក្នុងសង្គមនោះ ដែលជំរុញឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រភេទទាំងនេះ។ ពេលខ្លះ ស្នេហាប្រភេទនេះបានវិវឌ្ឍ និងប្រែប្រួលទៅជាស្នេហាដោយការអាណិតអាសូរ(Compassionate Love) ដែលស្នេហាប្រភេទនេះមានរយៈកាលយូរអង្វែង។

ស្នេហាប្រៀបបីដូចជាពណ៌

នៅក្នុងសៀវភៅដែលមានចំណងជើងថា “ពណ៌នៃស្នេហា” ដែលបានបោះពុម្ភផ្សាយនាឆ្នាំ១៩៧៣របស់លោក John Lee បានធ្វើការបែងចែកស្នេហាដែលមានបែបបទផ្សេងៗគ្នាបីប្រភេទដែលក្នុង នោះមាន Eros Ludos និង Storge.

១-Eros: ស្រឡាញ់មនុស្សដែលស័ក្តិសម

២- Ludos: ស្នេហាគឺជាល្បែងហ្គែម

៣- Storge: ស្នេហាគឺជាមិត្តភាព

ប្រៀបដូចជាពណ៌ដូច្នេះដែរ ស្នេហាទាំងបីនេះ អាចលាយបញ្ចូលគ្នាហើយបង្កើតបានជាស្នេហា ៩ផ្សេងៗទៀតដែល៣ក្នុងចំណោមចំណោមនោះមានដូចតទៅ៖

១- Mania (Eros+Ludos): ស្នេហាដែលគិតមមៃ(Obsessive Love)

២- Pragma (Ludos + Storge) : ស្នេហាដែលពោរពេញទៅដោយភាពប្រកដប្រជា

៣- Agape (Eros + Storge): ស្នេហាដែលមិនគិតពីខ្លួនឯង។

ទ្រឹស្តីត្រីកោណនៃស្នេហា

ចិត្តវិទូលោកRobert Sternberg បានលើកឡើងពីទ្រឹស្តីមួយដែលហៅថា ទ្រឹស្តីត្រីកោណនៃស្នេហា ដែលគាត់បានបង្ហាញថា ស្នេហាកើតឡើងដោយធាតុផ្សំ៣ គឺ ភាពស្និទ្ធស្នាល(Intimacy) តណ្ហា(Passion) និងការលះបង់(Commitment)។ ការបញ្ចូលគ្នារវាងធាតុទាំងបីនឹងអាចបង្កើតបានជាស្នេហាផ្សេងៗទៀត។ ឧទាហរណ៍ ការបញ្ចូលគ្នារវាង ភាពស្និទ្ធស្នាល និងការលះបង់ បង្កើតបានជាស្នេហាដោយការអារណិតអាសូរ(Compassionate Love) រីឯការបញ្ចូលគ្នារវាង តណ្ហា និងភាពស្និទ្ធស្នាលនាំទៅរកស្នេហាដោយសារតម្រេក(Passionate Love)។

យោងតាមលោក Sternberg ទំនាក់ទំនងស្នេហាដែលកើតឡើងដោយការរួមបញ្ចូលគ្នាដោយធាតុ២ ឬច្រើននាំឲ្យស្នេហានោះឋិតឋេរយូរអង្វែងជាងស្នេហាដែលកើតឡើងដែលមាន ធាតុផ្សំតែមួយ។ គាត់បានប្រើប្រាស់ពាក្យថាស្នេហាពេញលក្ខណៈ(Consummate Love) សម្រាប់ធ្វើការសម្គាល់ទៅលើស្នេហាដែលផ្សំឡើងដោយ ភាពស្និទ្ធស្នាល តណ្ហា និងការលះបង់។ ស្នេហាប្រភេទនេះគឺជាស្នេហាដែលមានឥទ្ធិពលខ្លាំង និងយូរអង្វែងបំផុត ប៉ុន្តែលោកSternbergបានលើកឡើងថា ស្នេហាប្រភេទនេះគឺមិនងាយជួបប្រទះនោះទេ។

បង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល

           នៅពេលអ្នកមានអាយុកាន់តែច្រើនការចងចាំរបស់អ្នកក៏មានការ ធ្លាក់ចុះទៅតាមនោះដែរ ដូចជាមានការភ្លេចភ្លាំងច្រើនជាងមុន។ ដើម្បីបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាលឲ្យបានល្អប្រសើរ ការបរិភោគអាហារ និង ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់បំផុត ។ ខួរក្បាលមានតម្រូវការជាតិខ្លាញ់ជាចាំបាច់ព្រោះថា ៦០ភាគរយ នៃខួរក្បាលគឺផ្សំឡើងពីសារជាតិខ្លាញ់។ សារជាតិខ្លាញ់ដូចជា DHA (DecosaHexaenoic Acid) វាជួយក្នុងដំណើរការរបស់ខួរក្បាលឲ្យបានល្អ ។ បន្ថែមពីការបរិភោគអាហារឲ្យបានត្រឹមត្រូវ ការធ្វើលំហាត់ប្រាណក៏ជួយដល់ការបង្កើនសមត្ថភាពខួរក្បាលផងដែរ ។ ការធ្វើលំហាត់ប្រាណជាប្រចាំជួយឲខួរក្បាលរឹងមាំ ព្រោះថាការហាត់ប្រាណជម្រុញចលនាអុកស៊ីសែនទៅកាន់ខួរក្បាលបានកាន់តែ ច្រើន។

ខាងក្រោមនេះជាការណែនាំ ៤ ចំនុចខ្លីៗក្នុងការបង្កើនសមត្ថភាពខួរក្បាល ៖

១ បង្កើនការអានឲ្យបានច្រើនដូចជាការអាន ប្រលោមលោក រឿងកំប្លែងខ្លីៗ ឬ ពត៍មានផ្សេងៗ ។ល។ ការអានច្រើនវាដូចជាការធ្វើលំហាត់ប្រាណអ៊ីចឹង ។ បើអ្នកមិនចងចាំនូវអ្វីដែលអ្នកបានអានពីមុន អ្នកគួរយកវាមកអានម្តងហើយម្តងទៀតព្រោះថាការធ្វើដូច្នេះវាជាកា របង្វឹកខួរក្បាលឲរំលឹករឿងចាស់ឡើងវិញដែលអាចជួយជំរុញផ្នែកចងចាំឲ បានល្អ ។

២ បង្កើនការបរិភោគខ្លាញ់ត្រីឲបានច្រើន ព្រោះថាខ្លាញ់ត្រីមានផ្ទុកសារជាតិ Omega-3 ដែលវាជាអាស៊ីតខ្លាញ់មួយប្រភេទជួយខួរក្បាលឲ្យមានដំនើរការបានល្អ ។ អាស៊ីតខ្លាញ់នៃ Omega-3 ក៏មាននូវក្នុងគ្រាប់ធញ្ញាជាតិ ឬ បន្លែស្លឹកបៃតងផងដែរ ។ បើអ្នកមិនចូលចិត្តបរិភោគត្រី អ្នកអាចទទួលយក Omega-3 តាមរយៈថ្នាំជំនួយដែលផ្សំពីខ្លាញ់ត្រី ។

៣ អ្នកគួរជ្រើសរើសប្រើប្រេងអូល៊ីវ (Olive oil) ក្នុងការធ្វើម្ហូប ព្រោះថាប្រេងអូល៊ីវមានសមត្ថភាពក្នុងការបង្កើនការចងចាំនៃខួរក្បាល បានយ៉ាងល្អ ។

៤ ជៀសវាងក្នុងការបរិភោគគ្រឿងស្រវឹងហួសបរិមាណ ព្រោះថាការពិសារគ្រឿងស្រវឹងច្រើនពេកវាធ្វើឲដំណើរការខួរក្បាលចុះខ្សោយ ។ ប៉ុន្តែបើអ្នកបរិភោគគ្រឿងស្រវឹងក្នុងកំរិតសមល្មមវាក៏អាចជួយដល់ ខួក្បាលផងដែរ ។ ការស្រាវជ្រាវបានបង្ហាញថាការពិសារគ្រឿងស្រវឹង ពិសេសស្រាក្រហមក្នុងកំរិតសមល្មមអាចជួយឲ្យខួរក្បាលធ្វើការបានល្អ ៕

រាំងរដូវ បាត់រដូវធ្វើដូចម្ដេច?

ការមករដូវជារឿងធម្មតានៅពេលដែលស្ត្រីចូលដល់វ័យជំទង់។ អ្នកអាចចំណាំដោយខ្លួនឯងថា តើពេលណាជាពេលមករដូវ ហើយវិធីដ៏ងាយបំផុតនោះគឺការកំណត់ក្នុងប្រតិទិន។ អ្នកគួរកំណត់ពីពីរទៅបីខែដើម្បីឲ្យដឹងច្បាស់ ពីពេលវេលាជាក់លាក់នៃការមករដូវ។

តើមូលហេតុអ្វីបានជាអ្នករាំងរដូវ?

  • អាយុ: ប្រសិន បើអ្នកទើបគ្រប់អាយុមករដូវ នោះការមករដូវ នៅពេលដំបូងអាចមិនមានភាពទៀងទាត់។ ប្រសិនបើជាស្ត្រីវ័យចំណាស់ ដែលឈានជិតចូលដល់វ័យអស់រដូវ (Menopause) វិញនោះ រដូវអាចមកមិនទៀងទាត់ដូចធម្មតាឡើយ។
  • ការធ្វើលំហាត់ប្រាណ: ការធ្វើលំហាត់ប្រាណជ្រុលហួសហេតុ អាចធ្វើឲ្យរាំងរដូវ
  • ស្ត្រេស: ស្ត្រេស និងអារម្មណ៍តានតឹងញឹកញាប់ពេក អាចធ្វើឲ្យរាំងរដូវម្ដងឬ ពីរដង។
  • ជំងឺ: ប្រសិនបើអ្នកមានជំងឺក៏អាចធ្វើឲ្យរាំងរដូវផងដែរ។

ប្រសិនបើអ្នករាំងរដូវចាប់ពីពីរខែឡើងទៅ (ដែលកាលពីមុនរដូវរបស់អ្នកមកទៀងទាត់ដូចធម្មតា) នោះ អ្នកគួរទៅពិគ្រោះជាមួយអ្នកផ្ដល់សេវាសុខភាពក្បែរកន្លែងដែល អ្នករស់នៅ។

ហេតុអ្វីបានជាអ្នកបាត់រដូវ?
ការបាត់រដូវរបស់ស្ត្រី (Amenorrhea) គឺសំដៅលើស្ត្រីដែលបាត់រដូវក្នុងអំឡុងយុវវ័យរបស់ខ្លួន ឬស្ត្រីដែលបាត់រដូវពីការមករដូវជាធម្មតារបស់ខ្លួន។ មានមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមានការបាត់រដូវ (Amenorrhea) នេះដូចជា
-ការមានផ្ទៃពោះជាមូលហេតុចម្បងដែលធ្វើឲ្យស្ត្រីបាត់រដូវ
-ការបំបៅដោះកូន
-ការស្រកទម្ងន់យ៉ាងខ្លាំង ដែលអាចបណ្ដាលមកពីជំងឺដ៏ធ្ងន់ធ្ងរ ការញ៉ាំអាហារមិនបានដិតដល់ ឬក៏ការធ្វើលំហាត់ប្រាណច្រើនហួសហេតុពេក
-ក្រពេញមានបញ្ហា ( ក្រពេញខួរក្បាល និងក្រពេញអ័រម៉ូន )
-បញ្ហាដែលបណ្ដាលមកពីការបង្កកំណើត

ប្រសិនបើ អ្នកឈានចូលដល់វ័យ១៦ឆ្នាំហើយនៅតែមិនមានរដូវ ឬក៏ឈប់មានរដូវទាំងវ័យក្មេងនៅឡើយ អ្នកត្រូវទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម។

តើស្ត្រីអាចមានរដូវពេញមួយជីវិតបានទេ?
ចម្លើយគឺទេ។ ស្ត្រីមិនអាចមានរដូវទៀតទេ នៅពេលឈានចូលដល់វ័យអស់រដូវ (Menopause )។ ស្ត្រីអស់រដូវនៅពេលដែលខ្លួនឈានចូលដល់វ័យ ៥០ឆ្នាំ ឬច្រើនជាងនេះបន្តិច។ ការអស់រដូវ មានន័យថាស្ត្រីមិនមានលទ្ធភាពក្នុងការបង្កើតអូវុលតទៅទៀត ដូច្នេះស្ត្រីដែលអស់រដូវមិនអាចមានកូននោះទេ។ ការអស់រដូវរបស់ស្ត្រី ខុសប្លែកគ្នាពីម្នាក់ទៅម្នាក់ទៀត ក្នុងចន្លោះពេល៣ ទៅ៤ឆ្នាំ។

មូលហេតុអ្វីបានជាអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើ អ្នកមានបញ្ហាដូចខាងក្រោម៖

-អ្នកមិនមករដូវនៅអាយុ ១៦ ឆ្នាំ
-អ្នកបាត់រដូវភ្លាមៗដោយពុំដឹងពីមូលហេតុ
-ឈាមរដូវហូរមកច្រើនថ្ងៃជាងរាល់ដង
-ឈាមរដូវហូរច្រើនគួរឲ្យកត់សម្គាល់
-អ្នកមានអារម្មណ៍ឈឺចាប់បន្ទាប់ពីប្រើសំឡីអនាម័យហើយ
-អ្នកហូរឈាមក្នុងចន្លោះពេលមានរដូវលើសពី៣ ទៅ ៤តំណក់
-អ្នកមានអារម្មណ៍ឈឺចាប់ខ្លាំងរហូតស្ទើរទ្រាំពុំបានអំឡុងពេលមានរដូវ

អ្វីដែលលើកឡើងនេះគឺដើម្បីឲ្យប្រិយមិត្ត ជាពិសេសមិត្តៗនារីទាំងអស់បានយល់ច្បាស់ពីបញ្ហាការមានរដូវ។ សង្ឃឹមថាប្រិយមិត្តទាំងអស់នឹងទទួលបានចំណេះដឹង កាន់តែទូលំទូលាយទាក់ទងទៅនឹងសុខភាពបន្តពូជ៕

សុខភាពបន្តពូជនារីដែលបុរសត្រូវតែដឹង! 

ការ រក្សាភាពស្និទ្ធស្នាលជាប្រចាំរវាងគូស្វាមីភរិយា ដោយការប្រាស្រ័យទាក់ទងល្អ ការពិភាក្សាអំពីសុខភាពផ្លូវភេទ ការពន្យារកំណើត ការរៀបចំផែនការគ្រួសារ ធ្វើឲ្យគ្រួសារមានសេចក្ដីសុខនិងសុភមង្គល។ ទន្ទឹមគ្នានេះ ការជំរុញឲ្យបុរសចូលរួមនៅក្នុងការអប់រំ លើកកម្ពស់សុខភាពរបស់ស្ត្រី ជាកត្តាសំខាន់ជំរុញឲ្យសង្គមរីកចំរើន។ ដូច្នេះ បុរសត្រូវយល់ដឹងពីសុខភាពបន្តពូជដូចខាងក្រោម៖

១. ការមករដូវ
-ការមករដូវ គឺជាការរបេះធ្លាក់នៃស្រទាប់ស្ដើងក្នុងស្បូនលាយឡំជាមួយឈាមហូរចេញមកក្រៅតាមទ្វារមាសរៀងរាល់ខែ។
-ស្ត្រីចាប់ផ្ដើមមករដូវដំបូងនៅចន្លោះអាយុពី៩ទៅ១៨ឆ្នាំ និងអស់រដូវនៅចន្លោះពី៤៥ទៅ៥៥ឆ្នាំ។
-រយៈពេលនៃការមករដូវម្ដងៗមានចន្លោះពី៣ទៅ៧ថ្ងៃ។
-ចន្លោះនៃការមករដូវ ពីវដ្ដរដូវមួយទៅវដ្ដរដូវមួយទៀត មានរយៈពេល២៨ថ្ងៃ តែក៏អាចតិចត្រឹម២១ថ្ងៃ ហើយច្រើនដល់៣៥ថ្ងៃ។
-បរិមាណឈាមរដូវធ្លាក់មកម្ដងៗ មានប្រហែលកន្លះពែងដែលប្រហែលជា៨០មីលីលីត្រ។
-ពេលមានរដូវស្ត្រីខ្លះអាចមានការឈឺចាប់ដូចជាឈឺពោះ រោយចង្កេះ មានការប្រែប្រួលអារម្មណ៍ដូចជាតានតឹង ធុញថប់ អស់កម្លាំង។ល។
-បើមានធ្លាក់ឈាមរដូវច្រើនឬមានការឈឺចាប់ខ្លាំងមុនពេល និងកំពុងមករដូវ ឬរដូវមិនទៀងទាត់ នោះជាសញ្ញាមិនប្រក្រតី សូមនាំភរិយាមកពិភាក្សាជាមួយពេទ្យ។

២. ការមានផ្ទៃពោះ
ត្បិតតែស្ត្រីជាអ្នកពពោះ តែការយល់ដឹងពីការប្រែប្រួល និងរបៀបថែទាំខ្លួនពេលមានផ្ទៃពោះជួយឲ្យបុរសជាស្វាមីអាចការ ពារទាន់ពេលវេលា នូវគ្រោះថ្នាក់ដែលមានចំពោះភរិយានិងបុត្រ។ ដូច្នេះ បុរសត្រូវដឹងពីសញ្ញាដំបូង នៃការមានផ្ទៃពោះ គឺការបាត់រដូវរួមផ្សំជាមួយសញ្ញាផ្សេងទៀតដូចជា ចង្អោរ ក្អួត ក្ដៅទ្រូង ភើ និងរីកទំហំសុដន់ និងក្បាលដោះប្រែពណ៌ខ្មៅ។
-ទារកកម្រើកនៅក្នុងផ្ទៃនៅអាយុចន្លោះពី១៦ទៅ២០សប្ដាហ៍
-ស្ត្រីអាចដកដង្ហើមញាប់ នោមញឹក និងហើមនៅកជើងតិចតួច
-បើភរិយាធ្លាប់មានប្រវត្តិរលូតកូនឯងៗ កន្លងមក ត្រូវតមរួមភេទនៅកំឡុងពេល២ខែដំបូង ព្រោះការរួមភេទនៅពេលនោះអាចធ្វើឲ្យរលូតកូន។
-ការជក់បារី និងស្រូបផ្សែងបារីពីគេ នៅពេលមានផ្ទៃពោះអាចបង្កឲ្យកូនកើតមកមិនគ្រប់ខែ មិនគ្រប់គីឡូ រលូត។ល។ ដូច្នេះស្វាមីត្រូវជៀសវាងជក់បារីនៅចំពោះមុខភរិយា។
-បុរសគួរនាំភរិយាទៅធ្វើតេស្ដឈាម ទោះជាគ្មានរោគសញ្ញាក៏ដោយ
-ស្វាមីគួរនាំភរិយាទៅជួបពេទ្យដើម្បីដឹងពីអ្វីដែលគួរធ្វើ

៣. ការថែទាំភរិយាក្រោយសម្រាល
រយៈពេល៦អាទិត្យក្រោយសម្រាល ទើបសរីរាង្គបន្តពូជត្រឡប់មករកសភាពដើមវិញ។ ស្ត្រីនៅមានធ្លាក់ឈាមរហូតដល់២ទៅ៦សប្ដាហ៍ក្រោយសម្រាល។ ស្ត្រីអាចអស់កម្លាំងខ្លាំង ឈឺតាមមុខរបួស បត់ជើងតូចញឹក ដោះរីកធំ និងពោះមិនរាប់ស្មើនៅឡើយទេ។ ដូច្នេះ ស្វាមីត្រូវតមរួមភេទ៦សប្ដាហ៍ក្រោយសម្រាល។ នៅពេលសម្រាលកូន ភរិយាត្រូវការបំផុតនូវការលើកទឹកចិត្ត និងការថែទាំពីសំណាក់ស្វាមី។ ការសួរសុខទុក្ខនៅពេលមានបញ្ហា ជាអនុស្សាវរីយ៍មួយដ៏ផ្អែមល្ហែមដែលអាចធ្វើឲ្យគួរស្វាមីភរិយា ស្រលាញ់គ្នានិងស្មោះត្រង់នឹងគ្នាជារៀងរហូត។

ក្រោយពេលសម្រាលកូនពីកន្លះទៅមួយម៉ោង ស្វាមីត្រូវជួយឲ្យទារកបៅដោះម្ដាយភ្លាម ហើយនៅរៀងរាល់ពេលទារកឃ្លាន២ ទៅ៣ម៉ោងម្ដង។ ត្រូវឲ្យទារកបៅទឹកដោះម្ដាយសុទ្ធយ៉ាងតិច៦ខែ។

មានផ្ទៃពោះ រួមភេទបានទេ?

ការ រួមភេទខណៈមានផ្ទៃពោះនឹងមិនធ្វើឲ្យប៉ះពាល់ដល់គភ៌ទេ ប្រសិនបើអ្នករួមភេទដោយវិធីសមរម្យនិងត្រូវពេល។ បង្កើននូវទំនាក់ទំនងស្នេហាពេលមានគភ៌គឺជាផ្នែកមួយដ៏សំខាន់នៃ សុខុមាលភាព ហើយការរួមភេទពិតជាអាចជួយដល់ការសម្រាលកូន។

អ្នកអាចនឹងត្រូវបានណែនាំមិនឲ្យរួមភេទនៅដំណាក់កាលណាមួយនៅ ពេលមានគភ៌ ក្នុងករណីដែលអ្នកធ្លាប់មានបទពិសោធន៍រលូតកូន ឬកើតកូនមុនខែ។ តែទោះជាយ៉ាងណា ទោះជាអ្នកធ្លាប់ជួបបញ្ហាដូចខាងលើ ឬអត់ក៏ដោយ អ្នកចាំបាច់ត្រូវទៅពិភាក្សាជាមួយពេទ្យជំនាញពីពេលវេលានិង វិធីសាស្ត្រនៃការរួមភេទ។

តែការរួមភេទពេលមានផ្ទៃពោះ គួរតែធ្វើឡើងដោយស្រាលៗនិងទន់ភ្លន់។ តែបើស្រាលពេកមិនអាចជួយសម្រួលដល់ការសម្រាលកូនបានទេ។ នៅក្នុងទឹកកាមបុរសមានសារជាតិម្យ៉ាងឈ្មោះថាProstaglandins វាជួយធ្វើឲ្យកស្បូនទន់ និងជួយលើកកម្លាំងសាច់ដុំស្បូនពេលសម្រាល។
មានគូស្វាមី ភរិយាជាច្រើនយល់ឃើញថា អំឡុងពេលមានគភ៌បានជួយឲ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ព្រោះជាឱកាសដែលពួកគេបានផ្លាស់ប្ដូរស្ទិលប្លែកៗ ដើម្បីឲ្យស្នេហាកាន់តែស៊ីជម្រៅ។

រួមភេទថ្ងៃណានៃវដ្ដរដូវ ទើបគ្មានកូន?

ការ ពន្យារកំណើតដោយតមរួមភេទនៅតាមវគ្គឈាមរដូវ អាចហៅម្យ៉ាងទៀតថា មធ្យោបាយប្រតិទិន។ នេះគឺជាវិធីពន្យារកំណើតដោយប្រើប្រតិទិនមកកំណត់ថ្ងៃដែលមានកូន និងថ្ងៃដែលគ្មានកូនទៅតាមរយៈពេលនៃវគ្គឈាមរដូវរបស់ស្ត្រី។ ដៃគូត្រូវរួមរ័កឬមិនរួមរ័កនៅថ្ងៃដែលបានកំណត់នៃរយៈពេលវគ្គ ឈាមរដូវរបស់ស្ត្រី ដើម្បីជៀសវាងការមានផ្ទៃពោះ។

មធ្យោបាយនេះមានប្រសិទ្ធភាពលុះត្រាតែ ស្ត្រីមានវគ្គរដូវទៀងទាត់ ស្ត្រីត្រូវចេះគណនា កត់ត្រា និងចងចាំនូវរយៈពេលនៃវគ្គមានកូននិងវគ្គគ្មានកូន ស្ត្រីត្រូវតមរួមភេទ ឬ ភាគីបុរសត្រូវប្រើស្រោមអនាម័យក្នុងរយៈពេលនៃវគ្គមានកូន។

រយៈពេលនៃវគ្គមានកូននិងវគ្គគ្មានកូន៖(សូមមើលរូបភាព)
នៅថ្ងៃដែលស្ត្រីចាប់ផ្ដើមមានរដូវនៅថ្ងៃដំបូង គេហៅថាថ្ងៃទី១នៃវដ្ដរដូវ ដូច្នេះវគ្គមានកូន គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩នៃវដ្ដឈាមរដូវ ព្រោះមេ ជីវិតញីបានចេញមកនៅអំឡុងពេលនេះ។ ចន្លោះចាប់ពីថ្ងៃទី១០ដល់១៩នៃវដ្ដឈាមរដូវនេះហើយ គេហៅថា រយៈពេលមានកូន។ ស្ត្រីអាចមានផ្ទៃពោះប្រសិនបើគាត់មានការរួមរ័ក ក្នុងអំឡុងពេលនេះ។តែដោយឡែកពីថ្ងៃទី១ដល់ទី៩ និងថ្ងៃទី២០ដល់២៨ នៃវគ្គវដ្ដរដូវ ការរួមភេទមិនអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះទេ។

ចំពោះការរួមភេទនៅអំឡុងពេលមានរដូវនឹងមិនធ្វើឲ្យស្ត្រីមាន ផ្ទៃពោះនោះទេ តែវាជាពេលដែលត្រូវហាមឃាត ព្រោះងាយនឹងឆ្លងរោគ ព្រមទាំងធ្វើឲ្យស្ត្រីមានការឈឺចាប់ខ្លាំង។

ពេលរួមភេទជាលើកទី១ តើនារីតែងតែមានឈាមឬ?

សូម បញ្ជាក់ឲ្យបានច្បាស់ថា ពេលរួមភេទជាលើកដំបូង នារីអាចនឹងមានឈាមឬគ្មានឈាម ទោះបីជានាងមិនធ្លាប់រួមភេទពីមុនមកក៏ដោយ។ តែពេលខ្លះអាចមានឈាម ហើយមានការឈឺចាប់ទៀត ដោយសារតែមានការដាច់ភ្នាសសន្ទះរន្ធយោនី(សន្ទះព្រហ្មចារី)។ ភ្នាសសន្ទះរន្ធយោនីនេះ ជាសន្ទះស្បែកដ៏ស្ដើង ហើយតែងតែដាច់រហែកនៅពេលដែលមានការរួមភេទជាលើកដំបូង។

តែដោយឡែក ភ្នាសសន្ទះនេះងាយនឹងដាច់រហែកខ្លាំងណាស់ ដូច្នេះនារីមួយចំនួនអាចនឹងដាច់ភ្នាសនេះមុនពេលដែលនាងរួមភេទជា លើកទីមួយ។ សន្ទះព្រហ្មចារី អាចនឹងដាច់រហែកដោយសារសកម្មភាពផ្សេងៗទៀតដូចជា ការជិះសេះ ជិះកង់ កីឡា និង ការប្រើប្រាស់ឧបករណ៍ផ្សេងៗ ពេលលាងសម្អាតនិងពេលមានរដូវ។

ស្ត្រី មួយចំនួនអាចនឹងមិនដឹងថាខ្លួនដាច់សន្ទះនេះទេ ដោយសារតែពេលខ្លះ វាពុំមានការឈឺចាប់ឬមានឈាមធ្លាក់ឡើយ។ សូមបុរសគ្រប់រូបចាំថា ទោះបីជាស្ត្រីដាច់សន្ទះព្រហ្មចារីមុនពេលមានការរួមភេទក៏ដោយ ក៏មិនមែនមានន័យថានាងបាត់បង់ព្រហ្មចារីនោះដែរ។



ចាកចេញ